បើកូនមើលមិនឃើញពីលទ្ធផលក្នុងពេលខ្លី ពីការព្យាយាមរបស់កូនរាប់ឆ្នាំនោះចូរស្រមៃមើលដើមឬស្សីរបស់ពុកនេះ កូននឹងមិនបោះបង់ទេ

កូនប្រុស អ្នកចំការម្នាក់ បានខិតខំធ្វើការងារយ៉ាងយូរឆ្នាំប៉ុន្តែអ្វីដែលគាត់ខិតខំកន្លងមក បែរជាមិនទាន់ឃើញចេញជាលទ្ធផលល្អ គឺមានតែការខកបំណង និងបាក់ទឹកចិត្ត។ 

ថ្ងៃមួយ កូនប្រុសបាន មកលេងឪពុក នៅចំការដោយទឹកមុខស្រងូតស្រងាត់

ឳពុកអ្នកចំការ បានសួរកូនថា៖ ហេ កូនប្រុសសម្លាញ់ហេតុអ្វីមកដល់ផ្ទះវិញ កូនបែរជាមានទឹកមុខមិនរីករាយបែបនេះ

បុរសវ័យជំទង់ បានរៀបរាប់ប្រាប់ឳពុក ពីដំណើររឿងរបស់ខ្លួន ដែលបំពេញការងារនៅទីក្រុង ដែលជួបនឹងការបរាជ័យមិនបានលទ្ធផលសមបំណងនៃការខិតខំរបស់គាត់ជាច្រើនឆ្នាំ។ ឪពុក​ឃើញទឹកមុខកូនបែបនេះក៏នាំកូនទៅដើរមើលចំការ។

ឳពុក ៖ ចូរកូនស្ដាប់​ណា ពុក​បានដាំដើមឈើពីរដើរគឺដើមឬស្សី និងដើមពោត ពុកដាំវាក្នុងពេលដំណាលគ្នា ដាក់ជី ស្រោចទឹក ថែរថួនមិនឲ្យខ្វះចន្លោះ។តែលទ្ធផល ដើមពោត ឆាប់លូតលាស់ក្នុងពេលខ្លី និងឆាប់បានផ្លែផ្កា។ រីឯដើមឬស្សីនេះ ៤ឆ្នាំហើយទើបឃើញមានពន្លកតែបន្តិចមិនបានកន្លះម៉ែត្រផង។ តើពុកគួរគាស់វាចេញទេ?

កូនប្រុស៖ ពូជវាមិនល្អទេដឹងពុក បានជា វាមិនលូតលាស់បែបនេះឬប្រហែលមកពីឬស្សីនោះ ស្អុយហើយមើលទៅ។

ឳពុក៖ ក៏នាំកូនសំណប់ចិត្តនោះ មកមើលដើមឬស្សីនៅដែលដាំខុសគ្នា ២ឆ្នាំ។ ក៏លើកឡើងថា កូនប្រុសដឹងទេ ឬស្សីនេះ ដាំប៉ុន្មានឆ្នាំ?គឺ៥ឆ្នាំ

កូនប្រុស៖ ៥ឆ្នាំ? តែហេតុអីក៏វាលូតលាស់ល្អជាងឬស្សី៤ឆ្នាំនោះ?

ឳពុក៖ ត្រូវហើយកូន ពុកដាំវា៥ឆ្នាំហើយ កូនដឹងទេពេលវាអាយុ៤ឆ្នាំ គឺដូចគ្នានឹងឬស្សីដែលកូនឃើញមុននឹង វាទើបតែចេញពន្លកទេ។ តែខុសគ្នាមួយឆ្នាំឬស្សីនេះ លូតលាស់លឿន មាំនិងមិនងាយនឹងរលំដោយសារខ្យល់ទេ។

កូន៖ តើមកពីអ្វី ឬមកពីពូជ ដីខុសគ្នា ឬពុកថែរខុសគ្នា?

ឳពុក៖ ឬស្សីដែលមាំនេះ គឺមកពីវាខំចាក់រឹសស្កេកស្កាះក្នុងដីរាប់ឆ្នាំដើម្បីភាពរឹងមាំរបស់វានៅថ្ងៃមុខ ដែលមិនងាយនឹងរលំ ក្រោយមកទើបវាលូតលាស់ខ្ពស់បែបនេះ។ដូចគ្នានឹងការព្យាយាមរបស់កូនដែរ បើកូនមើល មិនឃើញពីលទ្ធផលក្នុងពេលខ្លីពីការព្យាយាមរបស់កូនរាប់ឆ្នាំនោះ ចូរស្រមៃមើលដើមឬស្សីរបស់ពុកនេះ កូននឹងមិនបោះបង់ទេ៕